នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ៖ «ការវិវត្ត និងបម្រែបម្រួលវិស័យធនធានរ៉ែនៅកម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំ» ក្រោមការអញ្ជើញចូលជាធិបតី និងជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម ប៉េង ណាវុធ រដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងចូលរួមមតិបើក និងស្វាគមន៍ដោយ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា ឆ្លុះបញ្ចាំង និងប្រមូលធាតុចូល ក៏ដូចជាទស្សនទានស៊ីជម្រៅពីសំណាក់ អ្នកជំនាញជាន់ខ្ពស់ លើការអភិវឌ្ឍវិស័យធនធានរ៉ែនៅកម្ពុជា នារយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉េង ណាវុធ ក៏ជាអតីតនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (កាលមានឈ្មោះជា វិទ្យាស្ថានសេដ្ឋកិច្ច) ជំនាន់ទី១ ជំនាញសេដ្ឋកិច្ចឧស្សាហកម្ម។
គេហទំព័រNUM: num.edu.kh

















