កិច្ចប្រជុំពិភាក្សាលើ«ការកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន»
=======
រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើករណី «ការស្នើកែសម្រួលកម្រិតអប្បបរមា និងពិតាននៃប្រាក់ឈ្នួលជាប់ភាគទាន» ជាមួយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងបេឡាជាតិសន្តិសុខសង្គម, តំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងនិយោជក តំណាងនិយោជិត និងតំណាងសហជីព នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានអ្នកចូលរួមសរុបប្រមាណ៥០នាក់។
កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល និងទស្សនៈពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្តោតលើមូលហេតុ និងភាពចាំបាច់នៃការកែសម្រួល ផលប្រយោជន៍ និងផលប៉ះពាល់ដែលអាចកើតមាន ព្រមទាំងជម្រើស ឬវិធីសាស្ត្រដែលអាចពិចារណាបាន ដើម្បីធានាឱ្យការកែសម្រួលមានភាពសមស្រប និងមានតុល្យភាព ស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច។




















