អាមេរិកលក់គ្រាប់បែកតម្លៃ ៥ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត… — #suosyara #សួសយ៉ារ៉ា​ — TG.ME

អាមេរិកលក់គ្រាប់បែកតម្លៃ ៥ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រកាសពីការអនុម័ត លើការលក់គ្រាប់បែក, ឧបករណ៍កំណត់គោលដៅ, និងសម្ភារៈផ្សេងទៀតក្នុងតម្លៃ ៥ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ី សាអូឌីត ដែលជាប្រទេសរងការវាយប្រហារជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
ក្រសួងការបរទេសអាមេរិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការលក់ដែលបានស្នើឡើងនេះ នឹងលើកកម្ពស់សមត្ថភាពការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់ទាំងបច្ចុប្បន្ន និងអនាគត ពង្រឹងការការពារទឹកដីរបស់ខ្លួន និងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នាជាមួយប្រព័ន្ធនានាដែលប្រើប្រាស់ដោយកងកម្លាំងអាមេរិក និងដៃគូផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រ»។
ក្រសួងនេះបានបញ្ជាក់ថា ការលក់នេះក៏នឹង «គាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការលើកកម្ពស់សន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មួយដែលមិនមែនជាសមាជិកអង្គការណាតូ (NATO)។
អារ៉ាប៊ី សាអូឌីត បានក្លាយជាគោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ពីសំណាក់កងកម្លាំងអ៊ីរ៉ង់ និងក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។
ក្រសួងការបរទេសបានជូនដំណឹងទៅកាន់សភា អំពីសំណើលក់គ្រាប់បែកទៅឱ្យទីក្រុងរីយ៉ាដ ដែលនៅត្រូវការការអនុម័តពីសមាជិកសភាអាមេរិកជាមុនសិន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
September 5, 2026 26