ប៉ុន្មានថ្ងៃនេះ ប្រធានបទអំពីការចូលរួមអភិរក្សត្រីកម្រ ឬត្រីដែលមានហានិភ័យក្នុងការដាច់ពូជ និងត្រូវបានរាជរដ្ឋាភិបាល តាមរយ:ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានធ្វើការហាមប្រាមក្នុងការនេសាទ ឬទិញបរិភោគ។
ពិតណាស់ថា ត្រីរបស់យើងមានទាំងទឹកសាប និងប្រៃ ហើយប្រភេទត្រីខ្លះពិតជាកំពុងរងហានិភ័យក្នុងការបន្តជីវិតរស់នៅ និងបង្កបង្កើតជីវិតថ្មីដើម្បីនឹងបន្តមានវត្តមានក្នុងទឹកដីប្រទេសរបស់យើង ដោយតម្រូវឱ្យយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការសម្លាប់បន្ថែម ហើយរក្សាការពារ ពិសេសផ្តល់ឱកាសឱ្យពួកគេអាចបន្តជីវិត និងបង្កកំណើតថ្មីឡើងវិញ។
មានកត្តាជាច្រើនដែលយើងទាំងអស់គ្នា ត្រូវចូលរួមយល់ដឹង និងអាចអនុវត្តបានយ៉ាងសាមញ្ញរួមគ្នា ដើម្បីក្លាយជាចលករក្នុងការចូលរួមរក្សាការពារ និងជួយថែរក្សាអ្វីដែលទ្រព្យសម្បត្តិធម្មជាតិនៃធនធានមានជីវិតដ៏រស់រវើកសម្រាប់ទស្សនា ក៏ដូចជាខិតខំថែរក្សាអ្វីដែលរបស់ជាតិ ឬអត្តសញ្ញាណជាតិផងដែរ។ យើងទាំងអស់គ្នាក្នុងនាមជាប្រជាជនខ្មែរ អាចធ្វើបាន៖
១, ជៀសវាងទិញ ឬពិសារត្រីណាដែលយើងមិនស្គាល់ ឬជាប្រភេទត្រីដែលមិនសូវមានការលក់ដូរជាប្រចាំនៅលើទីផ្សារ និយាយសាមញ្ញថា ជាប្រភេទត្រីដែលយើងមិនសូវឃើញ ហើយមានឱកាសទទួលទាន
២, ប្រជានេសាទទាំងអស់ សូមមេត្តាដោះលែងវិញភ្លាមប្រសិនបើនេសាទចំត្រីណាដែលជាប្រភេទកម្រ ហើយមិនមានការលក់ដូរក្នុងទីផ្សារ ហើយជាប្រភេទត្រីដែលត្រូវបានហាមឃាត់ ដែលខ្ញុំជឿច្បាស់ថាភាគច្រើនបងប្អូននេសាទគាត់ច្បាស់ជាស្គាល់ប្រភេទត្រីច្រើនជាងប្រជាជនធម្មតាដែលជាអ្នកទិញទទួលទាន
ព្រមជាមួយគ្នានេះ ខ្ញុំក៏សូមស្នើដល់ក្រុមការងារក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយ:រដ្ឋបាលជលផល មេត្តាខិតខំធ្វើការផ្សព្វផ្សាយឱ្យបានច្រើនជូនដល់សាធារណ:ជន ជាពិសេសអ្នកនេសាទ ឱ្យជ្រាបច្បាស់អំពីប្រភេទត្រីដែលត្រូវហាមឃាត់ ដើម្បីបញ្ជៀសការនេសាទ និងការយកមកលក់បន្តនៅលើទីផ្សារ ព្រោះថាពេលខ្លះអ្នកទិញទទួលទានអាចមិនដឹង ឬដឹងតែចង់សាករសជាតិណាមួយ ដូចនេះនឹងក្លាយជាអ្នករួមចំណែកក្នុងការបំផ្លាញធនធានកម្ររបស់យើង។
មួយវិញទៀត ខ្ញុំក៏សូមស្នើលើកទឹកចិត្តដល់អ្នកធ្វើមាតិកាលើបណ្តាញសង្គម មេត្តាកុំជ្រើសរើសយកការបរិភោគរបស់ថ្មី ពិសេសដែលទទួលបានក្នុងការផលិត និងផ្សព្វផ្សាយ ព្រោះវាក៏ជាកត្តាទាក់ទាញអ្នកមើលក៏ពិតមែន តែវាក៏ជាកត្តានាំឆ្ពោះឱ្យមានសកម្មភាពនេសាទ ឬស្វែងរកសត្វដែលជាធនធានកម្រ ដើម្បីមកលក់លើទីផ្សារ, លើកទឹកចិត្តអ្នកដែលបានមើល ហើយចង់សាកតាម តែជ្រើសរើសការផលិតមាតិកាដែលធ្វើការដោះលែង ឬអភិរក្ស និងពន្យល់បន្ថែមអំពីសត្វណាដែលគួរបរិភោគ និងមិនគួរ ពិសេសត្រូវចូលរួមរក្សាការពារ។
សរុបសេចក្តីមក, សូមបងប្អូនទាំងអស់មេត្តាជួយទប់ស្កាត់ និងជ្រើសរើសវិធានរក្សាការពារ ដោយមិនត្រូវនេសាទ, មិនត្រូវចាប់, មិនត្រូវលក់, មិនត្រូវទិញ និងមិនត្រូវទទួលទាន ដោយត្រូវដោះលែងវិញបើទទួលបាន ហើយជួយរក្សាទីជម្រកសម្រាប់ពួកគេអាចរស់រាន និងបង្កកំណើតថ្មីផងដែរ។
#យេីងជឿជាក់លេីកម្ពុជា #ខ្មែរធ្វេីបាន #Cambodia #kuochvengsrun #សន្តិភាពនៅកម្ពុជា #Peaceofcambodia