ឯកឧត្តម ខ្លូត ចិន្តា អញ្ជើញចូលរួមក្នុងកម្មវិធី «ពិព័រណ៍អាហារ និងឱកាសស្វែងយល់អំពីការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១» លើកទី៣ នៅសាលាក្តីញញឹម របស់អង្គការ BSDA
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «ពិព័រណ៍អាហារ និងឱកាសស្វែងយល់អំពីការអប់រំបច្ចេកទេសវិជ្ជាជីវៈ សតវត្សទី២១» លើកទី៣ ដែលរៀបចំឡើងដោយអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) ស្ថិតនៅសាលាក្តីញញឹម ភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មវិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី តំណាងមន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំអង្គការ BSDA ដៃគូសហការ វិស័យឯកជន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស-និស្សិត សរុបប្រមាណជាង ៥០០នាក់។
ជាបឋម លោកស្រី ឆុន ស្រស់ នាយិកាប្រតិបត្តិអង្គការ BSDA បានឡើងលើកឡើងពីសាវតារបស់អង្គការ ដែលត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៥ ដោយព្រះសង្ឃ ៧អង្គ គង់នៅវត្តនគរបាជ័យ និងទទួលបានការចុះបញ្ជីផ្លូវការជាមួយក្រសួងមហាផ្ទៃ។ ជាង២០ឆ្នាំមកនេះ អង្គការ BSDA បានអនុវត្តកម្មវិធី និងគម្រោងជាច្រើន (រួមទាំងគម្រោងកុមារមេគង្គកម្ពុជា MKK និងសាលាក្តីញញឹម) ដោយផ្តោតលើវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) សុខភាព អភិបាលកិច្ចល្អ និងសហគ្រាសសង្គម ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រី និងយុវជន ឱ្យមានមុខរបរ និងជីវភាពរស់នៅល្អប្រសើរ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់របស់អង្គការ BSDA សម្រេចបានក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ចាម លើការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍជំនាញបច្ចេកទេស (TVET) និងការកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម តែងតែគាំទ្រ និងជំរុញកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ដែលមានឆន្ទៈជួយអភិវឌ្ឍន៍សង្គមជាតិ ព្រមទាំងបានស្នើឱ្យមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការ និងផ្តល់ការគាំទ្រដល់សាលាក្តីញញឹម និងអង្គការ BSDA ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយមិនត្រូវទុកការងារនេះជាភារកិច្ចដាច់ដោយឡែករបស់អង្គការឡើយ។ កម្មវិធីនេះក៏មានសកម្មភាពដ៏សប្បាយរីករាយ និងមានអត្ថន័យជាច្រើនទៀត ដូចជាការចែករំលែកបទពិសោធពីអតីតសិស្សនិងដៃគូអាជីវកម្ម ការពិព័រណ៍បង្ហាញផលិតផល និងស្នាដៃសិស្ស ការប្រកួតប្រជែងជំនាញវិជ្ជាជីវៈ (បដិសណ្ឋារកិច្ច សាឡន និងជួសជុលម៉ូតូ) និងការតាំងស្តង់ភ្លក់ម្ហូបអាហារ បង្អែម និងភេសជ្ជៈ ដែលរៀបចំឡើងក្រោមជំនួយឧបត្ថម្ភពីអង្គការ EcoSolidar ប្រទេសស្វីស។
7
3
1August 28, 2026 495 2