សាខា កក្រក ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ៥គ្រួសារ សមាជិក ២៨នាក់ នៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន បានទទួលអំណោយមនុស្សធម៌ពីសាខា កក្រក ខេត្តកណ្ដាល នារសៀល ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ ដោយនាំយកអំណោយមនុស្សធម៌របស់សាខា និងអនុសាខាក្រុង ទៅឧបត្ថម្ភជូនដល់គ្រួសារជនរងគ្រោះទាំង៥គ្រួសារដល់លំនៅឋានផ្ទាល់ ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន។ បានអញ្ជើញចូលរួមក្នុងពិធីនេះមាន ប្រតិភូអនុសាខា កក្រក ក្រុងសំពៅពូន និងក្រុមកាកបាទក្រហមសង្កាត់សំពៅពូនជាច្រើននាក់ផងដែរ។
មានមតិសំណេះសំណាល ឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក។ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា ជានិច្ចកាលសម្ដេចតែងមានការគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ប្រពៃណី ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមបានសំដែងនូវការចូលរួមសោកស្តាយយ៉ាងក្រៃលែងចំពោះគ្រួសាររងគ្រោះដែលបានបាត់បង់នូវទ្រព្យសម្បត្តិ និងផ្ទះសម្បែង ដោយសារឧបទ្ទវហេតុគ្រោះអគ្គិភ័យ និងសូមឱ្យបងប្អូនមេត្តាទប់ចិត្ត ទប់អារម្មណ៍ ព្រោះហេតុការណ៍អ្វីៗវាបានកន្លងហួសផុតទៅហើយ ប្រការសំខាន់គឺ ជីវិតរបស់យើងនៅរស់រាន និងត្រូវបន្តប្រកបរបររកស៊ីចិញ្ចឹមក្រុមគ្រួសារឡើងវិញ ដើម្បីរស់នៅបានសមរម្យក្នុងសង្គមជាតិ។ ឯកឧត្តមបានមានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីការប្រើប្រាស់បណ្តាញអគ្គិសនី នៅតាមគេហដ្ឋាន ត្រូវតបណ្តាញតាមបែបបទបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងការឆ្លងចរន្តអគិ្គសនី ហើយបណ្តាលឱ្យមានជួបនូវគ្រោះអគ្គិភ័យឆាបឆេះផ្ទះសម្បែងដោយយថាហេតុ តួយ៉ាងដូចក្នុងករណីពេលនេះជាដើម។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្អ ពិសេសបើសុខភាពល្អមាំមួន នោះយើងមានពេលវេលាគ្រប់គ្រាន់ប្រកបមុខរបររកស៊ី ដើម្បីស្តារជីវភាពរស់នៅបានសមរម្យឡើងវិញ។
សូមបញ្ជាក់ជូនថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង២០នាទី មានគ្រោះអគ្គិភ័យមួយកើតឡើង ដែលបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន ៥ខ្នង ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង មានអាសយដ្ឋានស្ថិតនៅក្នុងភូមិ-សង្កាត់ខាងលើ ប៉ុន្តែហេតុការណ៍ទាំងនេះ ពុំមានផលប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វឡើយ។
អំណោយមនុស្សធម៌ដែលប្រតិភូសាខា បានផ្តល់ជូនគ្រួសាររងគ្រោះទាំង៥ ដែលក្នុង ១គ្រួសារៗទទួលបាននូវ៖ អង្ក ៥០គីឡូក្រាម,មី១កេស,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ១យួរ,ទឹកសុទ្ធ ១កេស ,ឃីត១កញ្ចប់(អាវយឺត១,ក្រមា១) ,ឃីតដំណេក (ភួយ១ មុង១ និងខ្នើយ១) ,កៅស៊ូតង់ ១ផ្ទាំង សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀលគត់)។ ក្នុងពេលជាមួយគ្នានេះ អនុសាខា កក្រក ក្រុងសំពៅពូន បានឧបត្ថម្ភជូនជនរងគ្រោះ ១គ្រួសារទៀត ដែលរងផលប៉ះពាល់បន្តិចបន្តួ០ចដោយសារគ្រោះអគ្គិភ័យនេះផងដែរមានអង្ករ ៥០គីឡូក្រាម គ្រឿងបរិភោគមួយចំនួន និងថវិកា ២០ម៉ឺនរៀល៕