USAID Conserve - អភិរក្ស: post #426 — TG.ME

☀️🏞 នៅខ្មែរយើងមានកន្លែងស្អាតច្រើនណាស់! 🌳🌊

ការផ្សព្វផ្សាយពីតំបន់សហគមន៍អេកូទេសចរណ៍ មានសារៈសំខាន់សម្រាប់លើកកម្ពស់សេដ្ឋកិច្ច សហគមន៍មូលដ្ឋាន និងការការពារធនធានធម្មជាតិ។ គម្រោង USAID អភិរក្ស ថ្មីៗនេះបានគាំទ្រឱ្យមានដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ក្នុងសហគមន៍អេកូទេសចរណ៍ចំនួនបី។ សហគមន៍ទាំងបីនោះរួមមាន សហគមន៍នេសាទអន្លង់តាអួរ នៅទន្លេសាបខេត្តបាត់ដំបង សហគមន៍តាំងយូនៅខេត្តព្រះវិហារ និងកោះសាមសិបក្នុងខេត្តក្រចេះ។ អ្នកចូលរួមរួមមាន ភ្នាក់ងារទេសចរណ៍នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប អ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម និងអ្នកសារព័ត៌មាន សរុប​ទាំងអស់​ចំនួន១៨​នាក់។ គោលបំណងនៃការធ្វើដំណើរនេះគឺដើម្បីផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ទាំងនោះ តាមរយៈអ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម ភ្នាក់ងារទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យទៅទស្សនាក្នុងពេលឈប់សម្រាករបស់ពួកគេ។​

💧 នៅអន្លង់តាអួរ អ្នកចូលរួមទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅលើភូមិបណ្តែតទឹក រីករាយនឹងទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចនៅលើបឹងទន្លេសាប និងបានទស្សនាសត្វស្លាបនៅព្រែកទាល់ក្នុងតំបន់រ៉ាមសារ។ នៅសហគមន៍តាំងយូក្នុងឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង អ្នកចូលរួមបានឡើងលើកំពូលភ្នំដែលមានកម្ពស់ជាង១០០០ម៉ែត្រ ទស្សនាទីសក្ការៈបូជា និងវត្តអារាម មើលច្រាំងថ្មចោទ ទឹកជ្រោះ ផ្កាព្រៃ និងដើមឈើធំៗ ហើយបោះជំរុំពេញមួយយប់នៅទីនោះ។ នៅឯកោះសាមសិប ដែលស្ថិតនៅលើកោះមួយនៃទន្លេមេគង្គលើ ក្រុមការងារបានបោះតង់នៅលើឆ្នេរខ្សាច់ ជិះទូកកាយ៉ាក់នៅចន្លោះកោះ ញ៉ាំត្រីដែលទើបចាប់បានពីទន្លេ ទស្សនារបាំប្រពៃណីរបស់ជនជាតិព្នង ទស្សនាសត្វស្លាប ថតរូបព្រៃលិចទឹកនៅពេលថ្ងៃ និងកាឡាក់ស៊ីមីលគីវ៉េនៅពេលយប់ ហើយនិងរីករាយជាមួយនិងទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះដ៏ស្រស់ស្អាតគួរជាទីគយគន់។

🚌 បន្ទាប់ពីប្រតិបត្តិករទេសចរណ៍បានស្គាល់តំបន់ទាំងនេះ ពួកគេអាចណែនាំតំបន់ទាំងនេះទៅកាន់អតិថិជនរបស់ពួកគេបានប្រសើរជាងមុន និងធានាថាសហគមន៍មូលដ្ឋានត្រូវបានចូលរួមនៅក្នុងគ្រប់សកម្មភាពនៃការទស្សនាក្នុងតំបន់ទាំងនោះ។ អ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏នឹងចូលរួមផ្សព្វផ្សាយតាមរយៈវីដេអូនិងខ្លឹមសារជាទម្រង់ផ្សេងៗទៀតលើបណ្តាញសង្គម។ ការបង្កើតប្រាក់ចំណូលតាមរយៈអេកូទេសចរណ៍ លើកទឹកចិត្តសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះ ហើយវាក៏ចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មធនធានធម្មជាតិផងដែរ។
❤7🥰1
January 14, 2025 445 1