សាខាកាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៣គ្រួសារ សមាជិក ៥ នាក់ រស់នៅក្នុងភូមិកំពង់សំបួរក្រោម និងភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ។ នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការចូលរួមសោកស្ដាយយ៉ាងក្រៃលែងចំពោះគ្រួសាររងផលប៉ះពាល់ទាំង ៣គ្រួសារ ដែលបានជួបប្រទះនូវហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះទាំងស្រុងចំនួន ១ខ្នង ,ផ្ទះទ្រេត និងខូចខាតប៉ើងដំបូលស័ង្កសីចំនួន ២ខ្នង។
សម្ភារ និងថវិកាដែលបានផ្ដល់ជូនក្នុង ១គ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ទឹកសុទ្ធ ១កេស ,ឃីត (សម្លៀកបំពាក់) ១កញ្ចប់ និងថវិកាចំនួន ១លានរៀល។ ដោយឡែកចំពោះគ្រួសារដែលរងការខូចខាតរលំផ្ទះទាំងស្រុង ១ គ្រួសារ សាខាបានឧបត្ថម្ភបន្ថែមកៅស៊ូតង់ ចំនួន ១ផ្ទាំងផងដែរ។
ក្នុងពេលជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ចូលរួមតាមដានព័ត៌មានអាកាសធាតុ និងត្រៀមលក្ខណៈបង្ការ ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។ ពិសេសជាងនេះទៅទៀត ក្នុងអំឡុងរដូវវស្សាមកនេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថានជុំវិញផ្ទះ ក្នុងផ្ទះ ដើម្បីលុបបំបាត់ជម្រកមូសខ្លា ក្នុងការការពារ និងទប់ស្កាត់កុំឱ្យមានការកើតឡើងជំងឺគ្រុនឈាមនៅក្នុងសហគមន៍របស់ខ្លួន។
បន្ទាប់ពីពិធីចែកអំណោយមនុស្សធម៌ ប្រតិភូសាខាដឹកនាំដោយលោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកគណៈកម្មាធិការសាខា បានបន្តដំណើរទៅសួរសុខទុក្ខលោកស្រី ប៊ុន ប៉ោតេង អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកកោះធំ ដែលលោកស្រីបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនាពេលកន្លងមកនិងកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ។ ស្ថិតក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្ត និងការជួយសម្រាលនូវការលំបាកចំពោះមុខរបស់លោកស្រី ប្រតិភូសាខាក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានជួយឧបត្ថម្ភអំណោយជូនលោកស្រី ប៊ុន ប៉ោតេង មាន ផ្លែឈើ ១កន្ត្រក និងថវិកាចំនួន ១លានរៀល៕