ឧត្តមសេនីយ៍ទោ អ៉ិន សុង ធ្វើបទបង្ហាញស្តីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត… — ព័ត៌មានបង្ក្រាបគ្រឿងញៀន ! — TG.ME

ឧត្តមសេនីយ៍ទោ អ៉ិន សុង ធ្វើបទបង្ហាញស្តីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ» ដល់ក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀន ប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់

រាជធានីភំ្នពេញ ៖ ដោយបានអញ្ជើញពីក្រុមហ៊ុន Grab និងបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញធ្វើបទបង្ហាញស្ដីពី “គន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ » ដល់ក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀនប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់ នៅសណ្ឋាគារអូកវូតព្រីមៀភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ​​ក្នុងនាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្នុងនាមខ្លួនលោក​ផ្ទាល់ សូមវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Grab ដែលរៀបចំអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងសមត្ថភាពក្នុងការសង្កេត សម្គាល់ និងដោះស្រាយបញ្ញើសង្ស័យ ប្រកបដោយការប្រុងប្រយ័ត្ន ។ ជាពិសេសកម្មវិធីនេះ នឹងរួមចំណែកពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងសមត្ថកិច្ច និងក្រុមហ៊ុន Grab ក្នុងការបង្ការ និងទប់ស្កាត់ពួកបទល្មើសគ្រឿងញៀនប្រើប្រាស់សេវាដឹកជញ្ជូនសម្រាប់សកម្មភាព ចរាចរគ្រឿងញៀនខុសច្បាប់។

លោកនាយករងបន្តថា បច្ចុប្បន្ននេះនិន្នាការនៃបទល្មើសគ្រឿងញៀនជាសកល នៅតែបន្តវិវត្តប្រែប្រួលស្មុគ ស្មាញ ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀនបន្តធ្វើសកម្មភាពក្នុងការលួចលាក់ ផលិត ចរាចរ ជួញដូរ ដោយខុសច្បាប់យ៉ាងសកម្ម ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអាយុជីវិតមនុស្ស ជាមូលហេតុ ដ៏ចម្បងមួយក្នុងបុព្វហេតុនៃការកើតឡើងនូវអំពើឧក្រិដ្ឋកម្មនានា។ កត្តាទាំងនេះ បានជះឥទ្ធិ ពលអវិជ្ជមានដល់ជីវភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដែលក្នុងនោះព្រះរាជាណាចក្រកម្ពុជា ក៏ជាគោលដៅរងគ្រោះដោយសារឧក្រិដ្ឋ កម្មនេះផងដែរ។

លោកឧត្តមសេនីយ៍ទោ​សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និងបងប្អូនទាំងអស់ នឹងចូលរួមដោយ យកចិត្តទុកដាក់ ផ្លាស់ប្តូរយោបល់ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តប្រកប ដោយប្រសិទ្ធភាពក្នុងការងារជាក់ស្តែង។

មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្តាំផ្ញើទៅយុវជនអាណាព្យាបាល និងមាតាបិតា ចំនួន១២ចំណុច ៖
១-ពួកឧក្រិដ្ឋជនផលិតគ្រឿងញៀនដើម្បីបោកប្រាស់យុវជន និងរកប្រាក់ចំណេញ, ២-គ្រឿងញៀនជាសារធាតុធ្វើឲ្យអ្នកប្រើប្រាស់ញៀនខ្លាំងនិងពិបាកក្នុងការបញ្ឈប់, ៣- ការប្រើប្រាស់គ្រឿងញៀនមិនមែនជាការដោះស្រាយបញ្ហានោះទេ, ៤-គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងសម្រាប់ធុញទ្រាំការងារធ្ងន់ធ្ងរទេ, ៥- គ្រឿងញៀនមិនមែនជាល្បែងលេងរបស់យុវជនទេ, ៦-គ្រឿងញៀនមិនមែនជាចំណីអាហារដែលអាចភ្លក់ឬសាកល្បងទេ, ៧-បើមិនចង់ឱ្យគ្រឿងញៀនត្រួតត្រាជីវិតរបស់អ្នកសូមអ្នកកុំប្រើប្រាស់គ្រឿងញៀន, ៨-បើស្រឡាញ់ជីវិត ស្រឡាញ់គ្រួសារ សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន, ៩- មាតាបិតាមានភារកិច្ចពិនិត្យគ្រប់សកម្មភាពរបស់កូនក្នុងការសេពគប់មិត្តភក្កិ, ១០-មាតាបិតាត្រូវស្វែងយល់ពីទឹកចិត្តទស្សនៈនិងការលំបាករបស់កូន, ១១-ការស្តីបន្ទោសនិងធ្វើទារុណកម្មមិនផ្តល់មកនៅផលវិជ្ជមាននោះទេ, ១២-មាតាបិតាមានកាតព្វកិច្ច ធ្វើឲ្យគ្រួសារទទួលបាននូវភាពកក់ក្ដៅ សុខដុមរមនា ទើប គ្រួសារជៀសផុតពីបញ្ហាគ្រឿងញៀន ៕
August 31, 2026 59